កម្មវិធីបណ្តុះបណ្តាល

ការបណ្តុះបណ្តាលរបស់យើងខ្ញុំមិនចាប់ផ្តើម ឬបញ្ចប់ជាមួយនឹងបទពិសោធន៍របស់អ្នកទៅលើវគ្គបណ្តុះបណ្តាលជាក់ស្តែងនោះទេ។ យើងខ្ញុំនឹងធ្វើការទំនាក់ទំនងទៅកាន់អ្នកមុនពេលវគ្គបណ្តុះបណ្តាលដោយផ្តល់ជាព័ត៌មាន និងសំណួរ ដើម្បីជួយយើងខ្ញុំកែសម្រួលការបណ្តុះបណ្តាលទៅតាមបទពិសោធន៍របស់អ្នក។ ហើយបន្ទាប់ពីវគ្គបណ្តុះបណ្តាល យើងខ្ញុំនឹងធ្វើការសម្របសម្រួលតាមដានជាមួយក្រុម ដើម្បីជួយអ្នកឱ្យអនុវត្តការរៀនសូត្រ។ យើងខ្ញុំលើកទឹកចិត្តអ្នកមិនគ្រាន់តែចូលរួមវគ្គបណ្តុះបណ្តាលប៉ុណ្ណោះទេ ប៉ុន្តែបន្តចូលរួមជាមួយសហគមន៍រៀនសូត្រដែលមានការប្តេជ្ញាចិត្តចំពោះការរីកចម្រើន និងការផ្លាស់ប្តូរ។

គ្គបណ្តុះបណ្តាលបច្ចុប្បន្នរបស់យើងខ្ញុំត្រូវបានពិពណ៌នាដូចខាងក្រោម។ វគ្គបណ្តុះបណ្តាលនីមួយៗនឹងត្រូវបានសម្របសម្រួលដោយគ្រូបណ្តុះបណ្តាលចំនួនពីរនាក់។ ស្វែងយល់បន្ថែមអំពីក្រុមរបស់យើងខ្ញុំអ្នកអាចមើលកាលវិភាគពេញលេញនៃវគ្គសិក្សានាពេលខាងមុខនៅទីនេះ

ការគ្រប់គ្រងមនុស្ស និងទំនាក់ទំនង

មិន​ថា​អ្នក​គ្រប់គ្រង​មនុស្ស​ច្រើន​ឆ្នាំ​មក​ហើយ ឬ​ថ្មី​ទាំងស្រុង​នោះទេ មនុស្ស​ភាគ​ច្រើន​យល់​ស្របថា​វា​ជាការពិបាក​ណាស់! វាពាក់ព័ន្ធនឹងការរក្សាទំនាក់ទំនងជាមួយការពិតនៃអ្វីដែលកំពុងកើតឡើង ទាំងនៅក្នុងខ្លួនអ្នក និងអ្នកដទៃ ដើម្បីអ្នកអាចជួយក្រុមការងារឱ្យផ្តោតទៅលើអាកប្បកិរិយាដែលអ្នកចង់បាន។ ការមានទំនាក់ទំនងជាមួយការពិតនេះជួយឱ្យអ្នកអាចផ្តល់សារ និងមតិកែលម្អច្បាស់លាស់ទៅកាន់អ្នកដទៃដើម្បីឆ្ពោះទៅរកលទ្ធផលដែលអ្នកចង់បាន។

មាតិកា (៣ថ្ងៃ)

វគ្គបណ្តុះបណ្តាលនេះគ្របដណ្តប់ការយល់ដឹងអំពីការឆ្លើយតបរបស់អ្នកផ្ទាល់ (នៅកម្រិតក្បាល បេះដូង និងរាងកាយ) ដើម្បីគ្រប់គ្រងប្រតិកម្មរបស់អ្នកយ៉ាងសកម្ម។ យើងនឹងរៀនសូត្រពីយុទ្ធសាស្ត្រសម្រាប់ការយល់ដឹង (នៅកម្រិតក្បាល បេះដូង និងរាងកាយ)  និងរក្សាការផ្សាភ្ជាប់ជាមួយនឹងការជម្រុញទឹកចិត្តរបស់អ្នកផ្ទាល់ និងអ្នកដទៃ ដោយអាចឱ្យអ្នកឈានជើងចូលទៅក្នុងការសន្ទនាដ៏លំបាក ហើយនៅតែរក្សាបាននូវការផ្សាភ្ជាប់គ្នា។ យើងក៏នឹងពិនិត្យមើលគោលគំនិតនៃ 'សុវត្ថិភាពផ្លូវចិត្ត' នៅក្នុងក្រុមមួយ និងរបៀបបង្កើតសុវត្ថិភាពផ្លូវចិត្តនោះ ខណៈពេលដែលធ្វើឱ្យមនុស្សមានទំនួលខុសត្រូវចំពោះការងាររបស់ពួកគេដោយមិនធ្វើអោយគេអាម៉ាស់ ឬមានការស្តីបន្ទោស។

គោលបំណង

  • គ្រប់គ្រងការឆ្លើយតបរបស់អ្នកផ្ទាល់ ដើម្បីរក្សាការបើកចំហរចំពោះអ្នកដទៃក្នុងស្ថានភាពលំបាក

  • បង្កើតយុទ្ធសាស្រ្តដើម្បីជំរុញការជឿទុកចិត្តនៅក្នុងក្រុម

  • បំផុសគំនិតអ្នកដទៃឆ្ពោះទៅរកអាកប្បកិរិយាដែលផ្តោតលើក្រមសីលធម៌ និងលទ្ធផល

ការផ្ទេរការងារ និងពង្រឹងសិទ្ធអំណាចអ្នកដទៃ

យើងឮពាក្យ 'ការពង្រឹងសិទ្ធអំណាច' ជាញឹកញាប់ ប៉ុន្តែការអនុវត្តអាចស្មុគស្មាញ។ ក្នុងនាមជាអ្នកដឹកនាំ ឬអ្នកគ្រប់គ្រង ពេលខ្លះយើងអាចឃើញថាខ្លួនយើងផ្លាស់ប្តូររវាង 'ការគ្រប់គ្រងខ្នាតតូច' និងការមិនគាំទ្រទាល់តែសោះ។ នៅពេលដែលយើងកាន់តែមានទំនួលខុសត្រូវចំពោះបុគ្គលិកកាន់តែច្រើន វាអាចពិបាកក្នុងការផ្លាស់ប្តូរការផ្តោតពី 'ការធ្វើ' ទៅកាន់ 'ការគ្រប់គ្រង' នៅក្នុងវិធីមួយដែលប្រើប្រាស់ជំនាញរបស់ក្រុមការងារបានល្អបំផុត។

គោលបំណង

  • ផ្តល់ភាពជាម្ចាស់ច្បាស់លាស់ទៅលើភារកិច្ច​ និងធនធានដើម្បីរៀបចំអ្នកដទៃឱ្យទទួលបានជោគជ័យ

  • ផ្តល់តម្លៃ និងប្រើប្រាស់ភាពខ្លាំងរបស់បុគ្គលិកក្នុងការអភិវឌ្ឍន៍របស់ពួកគេ

  • បង្កើតយុទ្ធសាស្រ្តដើម្បីទទួលបានព័ត៌មានច្បាស់លាស់ ខណៈពេលដែលមិន'គ្រប់គ្រងខ្នាតតូច'លើអ្នកដទៃ

មាតិកា (២ថ្ងៃកន្លះ)

វគ្គបណ្តុះបណ្តាលនេះគ្របដណ្តប់លើគោលគំនិតនៃព្រំដែនកំណត់ និងរបៀបស្វែងយល់ ហើយបញ្ចូលពួកវាទៅក្នុងបរិយាកាសការងារ។ វគ្គបណ្តុះបណ្តាលនេះក៏ពិនិត្យមើលផងដែរនូវថាមវន្តមុខងារដែលមិនទាន់ដំណើរការ ឬដំណើរការហួសកម្រិត និងរបៀបផ្តល់តម្លៃ ហើយប្រើប្រាស់ភាពខ្លាំងរបស់បុគ្គលនៅក្នុងស្ថានភាពជាក្រុម។ យើងពិនិត្យមើលបច្ចេកទេសសម្រាប់ការធ្វើតុល្យភាពអំណាច និងការទទួលខុសត្រូវ និងវិធីសាស្រ្តដែលជួយអ្នកដទៃឱ្យមានអារម្មណ៍ថាមានអំណាចក្នុងការអនុវត្តតួនាទីរបស់ពួកគេផ្ទាល់។

ការវាយតម្លៃការអនុវត្តការងារ ដើម្បីកសាងសមត្ថភាពបុគ្គលិក

យើងភាគច្រើនប្រឈមមុខនឹងការថប់បារម្ភនៅពេលនិយាយអំពីការវាយតម្លៃ មិនថាយើងកំពុងត្រូវបានវាយតម្លៃ ឬជាអ្នកវាយតម្លៃនោះទេ។ យើងប្រហែលជាមានអារម្មណ៍ថាយើងមិនមានព័ត៌មានគ្រប់គ្រាន់ ឬឧបករណ៍ត្រឹមត្រូវដើម្បីធ្វើការវាយតម្លៃច្បាស់លាស់ និងទូលំទូលាយពីអ្នកដទៃ។ សូម្បីតែនៅពេលដែលយើងមានព័ត៌មានក៏ដោយ យើងអាចព្រួយបារម្ភអំពីរបៀបដែលបុគ្គលត្រូវបានវាយតម្លៃនឹងឆ្លើយតប ដូចនេះធ្វើឱ្យយើងមានភាពមិនច្បាស់លាស់អំពីរបៀបដែលយើងធ្វើការប្រាស្រ័យទាក់ទងអំពីគោលដៅ និងលទ្ធផលវាយតម្លៃ ។ ប៉ុន្តែពួកយើងភាគច្រើនធ្លាប់ទទួលបាននូវបទពិសោធន៍នៃការវាយតម្លៃត្រឹមត្រូវ និងច្បាស់លាស់ដែលអាចជួយយើងឱ្យរីកចម្រើន។

មាតិកា (២ថ្ងៃកន្លះ)

វគ្គបណ្តុះបណ្តាលនេះគ្របដណ្តប់លើការកំណត់គោលបំណង និងរបៀបទំនាក់ទំនង ហើយពិភាក្សាអំពីរបៀបទាំងនេះ ដើម្បីសម្រេចបាននូវភាពជាម្ចាស់រួមគ្នាលើគោលដៅ។ វគ្គបណ្តុះបណ្តាលនេះក៏ពិនិត្យមើលការវាយតម្លៃទៅលើការអនុវត្តការងារដោយផ្អែកលើភស្តុតាង ទ្រឹស្តី និងការអនុវត្តនៃការជម្រុញទឹកចិត្តអ្នកដទៃ។ អ្នកនឹងស្វែងយល់ពីជំនាញ និងបច្ចេកទេសសម្រាប់ផ្តល់មតិស្ថាបនាដោយផ្អែកលើអាកប្បកិរិយាជាជាងភាសាផ្តោតលើលក្ខណៈផ្ទាល់ខ្លួនរបស់អ្នកដទៃ និងរបៀបតាមដានការអនុវត្តតាមគោលបំណងរៀនសូត្រជាមួយបុគ្គលិកក្នុងការអនុវត្តការងារប្រចាំថ្ងៃរបស់ពួកគេ។

គោលបំណង

  • ស្វែងយល់ពីគោលការណ៍គ្រប់គ្រងការអនុវត្តការងារ និងការអនុវត្ត

  • កំណត់គោលដៅ និងការរំពឹងទុកច្បាស់លាស់សម្រាប់បុគ្គលិកដោយផ្អែកលើការវិភាគច្បាស់លាស់អំពីសមត្ថភាព និងតម្រូវការរបស់ពួកគេ

  • ទទួលស្គាល់ និងអបអរសាទរសមិទ្ធផលនៅជាលក្ខណៈបុគ្គល និងក្រុម

ការរស់នៅក្នុងគុណតម្លៃរបស់អ្នក និងដោះស្រាយជម្លោះ

ពួកយើងជាច្រើនមានបទពិសោធន៍នៅពេលដែលយើង ឬអ្នកផ្សេងទៀតមានអារម្មណ៍ថាត្រូវបានរិះគន់ ឬវិនិច្ឆ័យ។ ជាលទ្ធផល យើងជួបប្រទះនូវប្រតិកម្ម មិនថាខាងក្នុង ឬខាងក្រៅនោះទេ។ ប្រតិកម្ម​នេះ​អាច​មាន​លក្ខណៈ​តូចតាច ឬ​ជួនកាល​ជា​ជម្លោះ​ធំ និង​ជាក់ស្តែង។  បញ្ហាទាំងនេះយើងជួបប្រទះជាមួយមនុស្សដែលមានគុណតម្លៃខុសគ្នា។ វាអាចស្ថិតនៅក្នុងការប្រជុំក្រុម ឬក្នុងអន្តរកម្មរបស់អ្នកជាមួយអ្នកដទៃលើការងារប្រចាំថ្ងៃ។ ភាពខុសគ្នានៃគុណតម្លៃទាំងនេះអាចបណ្តាលឱ្យមានការថប់បារម្ភយ៉ាងច្រើននៅក្នុងក្រុម ហើយធ្វើឱ្យយើងហាក់ដូចជាមិនអាចធ្វើការជាមួយគ្នាបាន។ ទោះជាយ៉ាងណាក៏ដោយ យើងអាចពិបាកក្នុងការកំណត់គុណតម្លៃផ្ទាល់ខ្លួនរបស់យើង ឬដឹងពីរបៀបសួរអ្នកដទៃអំពីគុណតម្លៃរបស់ពួកគេ ដើម្បីស្វែងរកផ្លូវឆ្ពោះទៅមុខ ដែលធ្វើឱ្យវាពិបាកក្នុងការដោះស្រាយជម្លោះទាំងនេះ ទោះបីជាជម្លោះនោះជាក់ស្តែង ឬមិនបាននិយាយចេញក្រៅក៏ដោយ។

មាតិកា (២ថ្ងៃ)

វគ្គបណ្តុះបណ្តាលនេះចាប់ផ្តើមជាមួយនឹងការឆ្លុះបញ្ចាំងពីគុណតម្លៃផ្ទាល់ខ្លួនរបស់អ្នក បញ្ជាក់ពីគុណតម្លៃទាំងនេះ និងរៀនពីសញ្ញាដែលនរណាម្នាក់កំពុងមានជម្លោះជាមួយនឹងគុណតម្លៃទាំងនេះ។ វាទាក់ទងនឹងជំនាញនៃការស្តាប់ក្នុងស្ថានភាពទាំងនេះ និងរបៀបដាក់ឈ្មោះគុណតម្លៃរបស់អ្នកជាមួយអ្នកដទៃយ៉ាងច្បាស់ និងក្នុងវិធីវិជ្ជមាន ខណៈពេលដែលទទួលស្គាល់ និងគោរពភាពខុសគ្នា។ ជាចុងក្រោយ យើងពិនិត្យមើលបច្ចេកទេស និងអាកប្បកិរិយាដែលជួយយើងឆ្លងផុតការបំពានលើគុណតម្លៃ ហើយផុសចេញនូវការយល់ដឹងកាន់តែច្បាស់អំពីអ្នកដ៏ទៃ និងវិធីដើម្បីឆ្ពោះទៅមុខជាមួយគ្នាប្រកបដោយប្រសិទ្ធភាព។

គោលបំណង

  • អាចកំណត់បាននៅពេលជម្លោះផ្អែកលើគុណតម្លៃផ្សេងៗគ្នា

  • ដឹងពីគុណតម្លៃស្នូលផ្ទាល់ខ្លួនរបស់អ្នក ហើយមួយណាក្នុងចំណោមគុណតម្លៃទាំងនេះដែលកំពុងត្រូវបានបំពាននៅក្នុងជម្លោះមួយ

  • ឆ្លងផុតជម្លោះគុណតម្លៃ ខណៈពេលដែលរក្សាការផ្សាភ្ជាប់ និងទំនាក់ទំនងជាមួយអ្នកដទៃ

ធ្វើការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព

អ្វីដែលជារឿយៗត្រូវការពេលវេលាក្នុងដំណើរការធ្វើការសម្រេចចិត្ត ទាំងការសម្រេចចិត្តតូចតាច និងការសម្រេចចិត្តសំខាន់ៗ គឺជារឿងដែលទាញយើងចេញពីការផ្តោតរបស់យើង ដកពេលវេលារបស់យើង និងថាមពលរបស់យើង។ សមត្ថភាពក្នុងការសម្របសម្រួលគំនិត និងអារម្មណ៍របស់អ្នកដទៃ ក៏ដូចជាការគ្រប់គ្រងជម្លោះក្នុងខ្លួនរបស់យើង គឺជាកត្តាសំខាន់។ ការរុករកធាតុទាំងនោះនៅក្នុងដំណើរការធ្វើការសម្រេចចិត្តអាចមានភាពស្មុគស្មាញ និងចំណាយពេលច្រើន។ ជាមួយនឹងការរៀនសូត្រ និងការអនុវត្ត យើងអាចជួយមនុស្សឱ្យមើលភាពជាក់ស្តែង ធ្វើជាម្ចាស់ដំណើរការ និងធ្វើតាមការសម្រេចចិត្តដែលបានធ្វើឡើងក្នុងវិធីវិជ្ជមាន និងដោយផលិតភាព។

គោលបំណង

  • ស្វែងយល់អំពីព័ត៌មាន បទដ្ឋាន និងខ្លឹមសារអារម្មណ៍ដែលអាចជូនដំណឹងដល់ការសម្រេចចិត្ត

  • សម្របសម្រួលការបញ្ចេញមតិ និងគំនិតតាមរបៀបដែលអាចស្តាប់បាន និងរៀបចំការសម្រេចចិត្ត

  • ធ្វើការសម្រេចចិត្តប្រកបដោយក្រមសីលធម៌ និងផ្អែកលើភស្តុតាង ដោយការយល់ដឹងអំពីមូលដ្ឋានអារម្មណ៍

  • គាំទ្រក្រុមដើម្បីអនុវត្តតាមការសម្រេចចិត្តដោយមានការប្រាស្រ័យទាក់ទងច្បាស់លាស់ និងសមហេតុផល

មាតិកា (៣ថ្ងៃ)

វគ្គបណ្តុះបណ្តាលនេះគ្របដណ្តប់ទាំងការសម្រេចចិត្ត និងរបៀបកំណត់វានៅក្នុងបរិបទនៃគោលការណ៍ ស្តង់ដារ និងការអនុវត្តច្បាស់លាស់ ដែលណែនាំបុគ្គលិកក្នុងការងារប្រចាំថ្ងៃរបស់ពួកគេ។ វគ្គបណ្តុះបណ្តាលនេះ​នឹង​មើល​ពី​របៀប​ទាញយកនូវធាតុចូលដែលត្រឹមត្រូវ​ និងដោយបើក​ចំហ​​ពី​មនុស្ស​​សម​ស្របក្នុង​ពេល​ធ្វើ​ការ​សម្រេច​ចិត្ត និង​របៀប​ផ្តល់​មតិ​ផ្ទាល់​ខ្លួន​របស់​អ្នក​លើ​ការ​សម្រេច​ចិត្ត​ទាំង​នោះ​តាម​របៀបជាក់ស្តែង និង​បើក​ចំហ។ យើង​នឹង​យល់​ពី​តួនាទី​នៃ​គោល​នយោបាយ​ក្នុង​ការ​រៀបចំការ​សម្រេច​ចិត្ត​ជា​លក្ខណៈអង្គការ និង​របៀប​យោង​ ហើយ​ប្រើ​វា​ឱ្យ​មាន​ប្រសិទ្ធភាព។ ដោយបានគ្របដណ្តប់លើការទទួលបានធាតុចូលត្រឹមត្រូវទៅក្នុងការសម្រេចចិត្ត យើងនឹងពិនិត្យមើលពីរបៀបសម្របសម្រួលការពិភាក្សាដ៏រសើប និងការដោះស្រាយការខ្វែងគំនិតដោយយុត្តិធម៌ និងរបៀបដឹងពីពេលដែលការសម្រេចចិត្តស្ថិតនៅក្នុងជំនាញ និងវិសាលភាពផ្ទាល់ខ្លួនរបស់អ្នក (ឬអ្នកផ្សេងទៀត)។ ពេញមួយវគ្គនេះ យើងនឹងយកចិត្តទុកដាក់លើមូលដ្ឋានអារម្មណ៍នៃការសម្រេចចិត្ត និងរបៀបអនុញ្ញាតសម្រាប់មូលដ្ឋាននេះ។ ជាចុងក្រោយ យើងនឹងពិនិត្យមើលការប្រាស្រ័យទាក់ទង និងតាមដានការសម្រេចចិត្ត ដើម្បីធានានូវកាដាក់ចូលការរអនុវត្ត។

ទទួលបានបុគ្គលិកត្រឹមត្រូវ - និងរក្សាពួកគេ

ការស្វែងរកបុគ្គលិកដែលត្រឹមត្រូវគឺមានសារៈសំខាន់ចំពោះភាពជោគជ័យនៃគម្រោងណាមួយ ប៉ុន្តែការកំណត់បុគ្គលដែលស័ក្តិសមបំផុតសម្រាប់តួនាទីតាមរយៈដំណើរការជ្រើសរើសបុគ្គលិកគឺជាបញ្ហាប្រឈម។ ប្រសិនបើយើងអាចស្វែងរកមនុស្សបានត្រឹមត្រូវ យើងនៅតែត្រូវតម្រង់ទិសពួកគេដោយជោគជ័យ ទាំងគម្រោង និងគុណតម្លៃ និងវិធីធ្វើការដែលជាកម្មសិទ្ធិរបស់អង្គការរបស់យើង។ ការវិនិយោគពេលវេលានៅក្នុងដំណើរការទាំងនេះនៅក្នុងពេលដែលបំពេញការងារផ្សេងទៀតគឺពិបាក ប៉ុន្តែអាចនាំឱ្យមានលទ្ធផលដ៏អស្ចារ្យ ហើយបុគ្គលិកដែលមានការប្តេជ្ញាចិត្តយ៉ាងពិតប្រាកដចំពោះភាពជោគជ័យនៃគម្រោង និងនៅបន្តក្នុងស្ថាប័នរយៈពេលយូរ ជួយកាត់បន្ថយតម្រូវការឆ្លងកាត់ការជ្រើសរើសបុគ្គលិកជាញឹកញាប់។

គោលបំណង

  • ស្វែងយល់ និងអនុវត្តការសម្ភាសអាកប្បកិរិយាក្នុងការជ្រើសរើសបុគ្គលិក

  • ចូលរួម និងតម្រង់ទិសបុគ្គលិកថ្មី ដើម្បីពួកគេចូលក្នុងតួនាទីថ្មីបានពេញលេញ

  • ស្វែងយល់ពីកត្តាដែលប៉ះពាល់ដល់ការរក្សាបុគ្គលិក

  • អនុវត្តការឆ្លុះបញ្ចាំងក្នុងជំនួបជាមួយបុគ្គលិក

មាតិកា (៣ថ្ងៃ)

វគ្គបណ្តុះបណ្តាលនេះគ្របដណ្តប់លើការអនុវត្តជ្រើសរើសបុគ្គលិក ជាពិសេសការសម្ភាសន៍អាកប្បកិរិយា ដែលពិនិត្យមើលអាកប្បកិរិយាជាក់ស្តែង ដើម្បីទទួលបានការយល់ដឹងបន្ថែមអំពីលំនាំអាកប្បកិរិយារបស់អ្នកផ្តល់បទសម្ភាសន៍។ យើងពិភាក្សាអំពីសារៈសំខាន់នៃបុគ្គលិកដែលទើបតែចាប់ផ្តើមការងារ និងរបៀបកំណត់គោលដៅសាកល្បងការងារដោយមានគោលបំណង និងភាពជាក់ស្តែង។ យើងពិនិត្យមើលកត្តាដែលប៉ះពាល់ដល់ការរក្សាបុគ្គលិក និងរបៀបដែលអ្នកគ្រប់គ្រងអាចមានឥទ្ធិពលលើបញ្ហានេះ។ បន្តពីការសាកល្បងការងារ យើងពិនិត្យមើលវិធីសាស្រ្តផ្អែកលើការពិតក្នុងជំនួបជាមួយបុគ្គលិក ដែលជំរុញឱ្យមានការប្រាស្រ័យទាក់ទងច្បាស់លាស់ និងការអភិវឌ្ឍន៍ជាបន្តបន្ទាប់។

ការគ្រប់គ្រងគម្រោង

ការងារអភិវឌ្ឍន៍ភាគច្រើនត្រូវបានធ្វើឡើងជាគម្រោង - មិនថាមានរយៈពេល ៦ខែ ឬ ៥ឆ្នាំនោះទេ។ ការងារនេះទាមទារឱ្យមានលទ្ធភាពគ្រប់គ្រងលេខ (ទាំងប្រាក់ និងសូចនាករ) ប៉ុន្តែក៏មានជំនាញក្នុងការយកចិត្តទុកដាក់លើការជម្រុញទឹកចិត្តបុគ្គលិក បរិយាកាស និងការថែទាំខ្លួនឯងផងដែរ។ លើសពីនេះ លទ្ធផលទទួលបានដែលត្រូវធ្វើការប្រាស្រ័យទាក់ទងទៅកាន់អ្នកដទៃនោះ គឺជាញឹកញាប់ត្រូវបានធ្វើឡើងនៅក្នុងបរិបទវប្បធម៌ផ្សេងគ្នា។ ការធ្វើឱ្យមានតុល្យភាពនៃធាតុផ្សេងៗគ្នាទាំងនេះ - ដោយធ្វើរួមជាផ្នែកនៃក្រុមមួយ - គឺជាជំនាញស្នូលសម្រាប់អ្នកដឹកនាំការងារអភិវឌ្ឍន៍។

គោលបំណង

  • បង្កើតផែនការគម្រោងច្បាស់លាស់ និងជាក់ស្តែង ជាមួយនឹងគោលដៅដែលអាចវាស់វែងបាននៅកម្រិតលទ្ធផល ទិន្នផល និងសកម្មភាព

  • បែងចែកធនធានសមស្របទៅនឹងគម្រោង ដោយគិតគូរពីសមត្ថភាពបុគ្គលិក និងការថែទាំខ្លួនឯង

  • ចូលរួមការត្រួតពិនិត្យជាប្រព័ន្ធ និងចូលរួមជាមួយបុគ្គលិកគម្រោងដោយផ្ទាល់ ដើម្បីធានាបាននូវការយល់ដឹងដ៏ទូលំទូលាយ

  • រាយការណ៍អំពីផែនការគម្រោង និងការគ្រប់គ្រងហានិភ័យជាបន្តបន្ទាប់ ជាមួយនឹងការយល់ដឹងអំពីតម្រូវការរបស់អ្នកទទួល

មាតិកា (៣ថ្ងៃ)

វគ្គបណ្តុះបណ្តាលនេះគ្របដណ្តប់លើការរចនាគម្រោង និងការកំណត់គោលដៅច្បាស់លាស់ និងអាចវាស់វែងបាននៅកម្រិតលទ្ធផល ទិន្នផល និងសកម្មភាព។ យើងនឹងពិនិត្យមើលការគ្រប់គ្រងហានិភ័យ និងការយកឈ្នះលើកត្តាខាងក្រៅ ដែលទំនងជាប៉ះពាល់ដល់ការអនុវត្តគម្រោង។ ការផ្តោតនៃវគ្គសិក្សានេះនឹងផ្តោតលើសពីវិធីសាស្រ្ត 'logframe' (ទោះបីជាយើងនឹងគ្របដណ្តប់លើវិធីសាស្រ្តនេះក៏ដោយ) ហើយមើលពីរបៀបធានាគុណភាពនៃការអនុវត្តគម្រោងតាមរយៈការត្រួតពិនិត្យបញ្ហានៃសមត្ថភាពបុគ្គលិក ការអភិវឌ្ឍការផ្តោតច្បាស់លាស់ និងរួមបញ្ចូលការថែទាំខ្លួនឯង។ ជាចុងក្រោយ យើងនឹងពិនិត្យមើលពីរបៀបប្រាស្រ័យទាក់ទងការអនុវត្តគម្រោងឱ្យបានច្បាស់លាស់ និងមានឥទ្ធិពលដល់អ្នកទទួលរបាយការណ៍ផ្សេងៗគ្នា។